តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ និងវិស័យអចលនវត្ថុយ៉ាងណាដែរ? មានក្រុមហ៊ុន និងនីតិបុគ្គលរកស៊ីក្នុងវិស័យអចលទ្រព្យជាច្រើនត្រូវបានរកឃើញថា កំពុងប្រកបអាជីវកម្មដោយខុសច្បាប់ ពោលគឺរកស៊ីដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលបញ្ហានេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងវិស័យអចលនទ្រព្យទាំងមូល។ កត្តានេះបានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងអ្នករកស៊ីគ្មានអាជ្ញាបណ្ណទាំងនោះ ក៏ដូចជាជំរុញឱ្យក្រុមហ៊ុន និងអ្នករកស៊ីទាំងនោះចូលរួមគោរពច្បាប់ទាំងអស់គ្នា។ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា ការចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនេះពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យអលចនវត្ថុរបស់កម្ពុជា ដ្បិតថា ការសហការនេះផ្តោតលើការពង្រឹងការគោរពច្បាប់, ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទាំងសមាគម និងអាជ្ញាធរមានសមត្ថកិច្ចប្តេជ្ញាលុបបំបាត់មិនឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីនៅក្នុងវិស័យអចលនវត្ថុខុសច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុដ៏ធំមួយនៅកម្ពុជា និងជាក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្នើឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនវត្ថុ ក៏ដូចជាជួយទាក់វិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត។ បើតាមយល់ឃើញរបស់អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមមួយចំនួន មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនវត្ថុ និងការទាក់ទាញការវិនិយោគផងដែរ។ ស្រដៀងគ្នានេះដែរ លោក សេង សុភ័ក្ត្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តប្រតិបត្តិការរបស់ខ្លួន ប្រាកដណាស់វានឹងធ្វើឱ្យក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវបាត់បង់ភាពប្រកួតប្រជែង ដ្បិតថា ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវ ត្រូវគោរពរាល់គោលការណ៍ ដែលច្បាប់បានតម្រូវ។ លើសពីនេះ វានឹងធ្វើឱ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបាត់បង់ទំនុកចិត្តក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប តាមរយៈកិច្ចសហប្រតិបត្តិការខាងលើសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានភារកិច្ចចំនួន៦រួមមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និង/ឬព្រឹត្តិការណ៍នានា, រៀបចំ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សមាជិក សមាគមដោយអនុលោមតាមបទប្បញ្ញត្តិជាធរមានរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, សហការសិក្សាស្រាវជ្រាវឧត្តមានុវត្តពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអភិវឌ្ឍ ពាក់ព័ន្ធនឹងក្របខណ្ឌ ការអនុវត្តបទប្បញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាក្នុងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, សហការជាមួយ ន.អ.ប. ក្នុងការបង្កើតស្តង់ដារវាយតម្លៃកម្ពុជា, សហការរាយការណ៍ អំពីក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុដែលល្មើសច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ ន.អ.ប. និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមតាមរយៈកិច្ចប្រជុំប្រចាំត្រីមាសជាមួយ ន.អ.ប. ដើម្បីរកដំណោះស្រាយ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈការចាប់ដៃគ្នានេះ នឹងអាចអូសទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីនៅក្រៅប្រព័ន្ធច្បាប់ឱ្យចូលរួមក្នុងប្រព័ន្ធច្បាប់កាន់តែច្រើនបន្ថែមទៀត៕